ក្រសួងប្រាប់ឱ្យពលរដ្ឋរក្សាសុខភាព ខណៈរដូវចូលឆ្នាំថ្មី សីតុណ្ហភាពនៅកម្ពុជាអាចឡើងដល់ ៤០អង្សារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សីតុណ្ហភាពអាចឡើងដល់ ៤០អង្សារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក កាលថ្ងៃទី២ មេសា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ ដោយផ្អែកលើបាតុភូតសកល និង ការព្យាករពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញថា បាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត៩០% រហូតដល់ខែឧសភា និងថយចុះមក ៧០% នៅក្នុងខែមិថុនា ឆ្នាំ២០២៦។ 

ដោយឡែកចាប់ពីខែកក្កដា បាតុភូតអែលនីញ៉ូ (El Niño) នឹងកើនដល់កម្រិត៥០%។ ចំណែក បាតុភូតអោយអូឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពី ទិសទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពីទិស និរតី និងទិសទក្សិណមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពី ទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមាន ភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពពីការកើនឡើងនៃសីតុណ្ហភាពនេះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃភ្លើងឆេះព្រៃ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕ អត្ថបទ៖ហ្សាលីន