រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
២- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។
៣- ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ សហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕