ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែមករា-មីនា ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន កើនឡើង ១៤១%។

ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ដើម៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា។
សូមរម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៦៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤.២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន


