រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា គោលនយោបាយបណ្ដោះអាសន្នដែលអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ីនៅលើសមុទ្រ នឹងមិនត្រូវបានបន្តទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោនថា ៖”យើងនឹងមិនបន្តអាជ្ញាប័ណ្ណសម្រាប់ប្រេងរបស់រុស្ស៊ីទៀតទេ”។ នៅក្នុងនោះលោកក៏បានសង្កត់ធ្ងន់ទៀតផងដែរថា អាមេរិកនឹងមិនមានផែនការពង្រីកការលើកលែងបណ្ដោះអាសន្នដែលអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ីនៅលើសមុទ្រទៀតនោះឡើយ។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថាខ្លួននឹងមិនបន្តគោលនយោបាយលើកលែងនេះ សម្រាប់ប្រេងរបស់អ៊ីរ៉ង់ផងដែរ។
ជម្រាបជូនថា កាលពីថ្ងៃទី១២ ខែមីនា នៅក្នុងការបង្ហោះមួយនៅលើ X លោក Scott Bessent បាននិយាយថា អាមេរិកកំពុងអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរបស់រុស្ស៊ីដែលជាប់គាំងនៅសមុទ្រជាបណ្ដោះអាសន្នរយៈពេល ៣០ថ្ងៃ។ ហើយនៅមួយសប្តាហ៍ក្រោយមក ពួកគេក៏បានបន្តលើកទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងអ៊ីរ៉ង់ដែលផ្ទុកនៅលើកប៉ាល់ រហូតដល់ថ្ងៃទី១៩ ខែមេសាផងដែរ។ ចំពោះគោលនយោបាយទាំងពីរនេះ គឺមានគោលបំណងកាត់បន្ថយកង្វះខាតការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា៕

