អ៊ីរ៉ង់ បានបើកព្រលានយន្តហោះសំខាន់ៗជាច្រើន នៅក្នុងរដ្ឋធានីតេអេរ៉ង់ឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារតែជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ក្នុងពេលថ្មីៗនេះថា អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAA) បានអនុញ្ញាតឲ្យជើងហោះហើរពាណិជ្ជកម្ម នៅព្រលានយន្តហោះអន្តរជាតិ Imam Khomeini និង Mehrabad បើកដំណើរការឡើងវិញ។ ទាំងពីរនេះ គឺជាព្រលានយន្តហោះដ៏សំខាន់បំផុត នៅក្នុងរដ្ឋធានីតេអេរ៉ង់។
មិនតែប៉ុណ្ណោះ ជើងហោះហើរដែលដឹកអ្នកដំណើរពីព្រលានយន្តហោះចំនួន ១០ ផ្សេងទៀត នៅទូទាំងប្រទេសអ៊ីរ៉ង់ ក៏នឹងចាប់ផ្តើមដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា តទៅផងដែរ។
ទន្ទឹមនឹងនេះ សារព័ត៌មាន CNN បានដកស្រង់សម្តីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបាននិយាយថា អ៊ីរ៉ង់ត្រូវបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្តោតលើកិច្ចការធំ ក្នុងការកសាងប្រទេសឡើងវិញ។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីអ៊ីរ៉ង់ លោក Pezeshkian បាននិយាយទៀតថា ការបន្តជម្លោះនឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ ហើយបានអំពាវនាវឱ្យប្រើប្រាស់មធ្យោបាយសមស្របទាំងអស់ និងមធ្យោបាយការទូត ដើម្បីបន្ថយភាពតានតឹងឲ្យខានតែបាន។
ជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២២ ខែមេសា បន្ទាប់ពីភាគីទាំងពីរបានធ្វើកិច្ចចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណាមួយនោះឡើយ៕

