អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ប្រតិបតិ្ត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញថា សេចក្តីសុខដ៏សាមញ្ញ គឺការរស់នៅដោយមិនប្រៀបធៀបជាមួយអ្នកដទៃ។

ក្នុងវីដេអូឃ្លីបចែករំលែកបទពិសោធន៍ជូនដល់សិស្សានុសិស្ស កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានលើកឡើងថា លោកគ្រូដល់អាយុ ៥៧ឆ្នាំ បានមានផ្ទះខ្លួនឯងរស់នៅ ដោយពីមុនគឺជួលផ្ទះគេរស់នៅរហូត។ ដូច្នេះសូមក្មួយៗកុំខ្វល់ គ្មាននរណាមកខ្វល់រឿងយើងនោះទេ។ និយាយពីរឿងរថយន្ត រហូតដល់អាយុ ៤០ឆ្នាំជាង ទើបលោកមានរថយន្តជិះផ្ទាល់ខ្លួន ហើយរថយន្តនេះលោកជិះមកទល់បច្ចុប្បន្ន។ ឱ្យតែយើងលាងស្អាត ជូតស្អាត គឺនៅតែឃើញថ្មី ហើយបើរថយន្តថ្មី ខ្ជិលលាងសម្អាត នោះមើលទៅក៏ចាស់ដែរ។ ចំពោះរថយន្តរបស់លោក ជិះជិត២០ឆ្នាំហើយ នៅតែថ្មី។ អ្នកខ្លះគេមានលុយ គេទិញឡានថ្មី រីឯអ្នកខ្លះមានលុយ គេមិនទិញឡានថ្មី ព្រោះគេមិនចង់ខ្ជេះខ្ជាយ ឬមានហេតុផលច្រើនទៀត។
អ្នកឧកញ៉ា បានបន្ថែមថា ដូច្នេះធ្វើអ្វីដែលយើងចង់ធ្វើ ធ្វើអ្វីដែលយើងចូលចិត្ត បើយើងនៅតែធ្វើតាមគេ យើងនឹងរស់នៅដោយតឹងតែងអារម្មណ៍ យើងនឹងរស់នៅដោយគ្មានន័យ។ សូមរស់នៅដោយសប្បាយចិត្ត រស់នៅដោយមានសេចក្តីទូលំទូលាយ ពោរពេញដោយអារម្មណ៍របស់ខ្លួនឯង កុំចង្អៀតចង្អល់ កុំទិទាន កុំច្រណែន កុំគុំគួន កុំស្អប់ខ្ពើម កុំរិះគន់មើលងាយគេ កុំពូជសាសន៍និយម នោះយើងនឹងសប្បាយ គេងលក់ស្រួល ញ៉ាំឆ្ងាញ់ ហើយមិនមានរឿងរ៉ាវអាស្រូវ មិនដេកភ័យ អង្គុយភ័យនោះទេ។ សូមរស់នៅដោយសាមញ្ញ ជីវិតយើងមានតែមួយពេលទេ អ្នកខ្លះអស្ចារ្យដល់ស្អែកឡើងទៅបាត់ មិនទាន់បានចាយលុយផង មិនទាន់បានលាកូនចៅផង ដូច្នេះសូមរស់នៅដោយក្តីសប្បាយ ហើយបើក្រគឺក្រឱ្យថ្លៃថ្នូរ៕



