អ្នកឧកញ៉ា គួច ម៉េងលី៖ សេចក្តីសុខដ៏សាមញ្ញ គឺការរស់នៅដោយមិនប្រៀបធៀបជាមួយអ្នកដទៃ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ប្រតិបតិ្ត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញថា សេចក្តីសុខដ៏សាមញ្ញ គឺការរស់នៅដោយមិនប្រៀបធៀបជាមួយអ្នកដទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវីដេអូឃ្លីបចែករំលែកបទពិសោធន៍ជូនដល់សិស្សានុសិស្ស កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានលើកឡើងថា លោកគ្រូដល់អាយុ ៥៧ឆ្នាំ បានមានផ្ទះខ្លួនឯងរស់នៅ ដោយពីមុនគឺជួលផ្ទះគេរស់នៅរហូត។ ដូច្នេះសូមក្មួយៗកុំ​ខ្វល់ គ្មាននរណាមកខ្វល់រឿងយើងនោះទេ។ និយាយពីរឿងរថយន្ត រហូតដល់អាយុ ៤០ឆ្នាំជាង ទើបលោកមាន​រថយន្ត​ជិះផ្ទាល់ខ្លួន ហើយរថយន្តនេះលោកជិះមកទល់បច្ចុប្បន្ន។ ឱ្យតែយើងលាងស្អាត ជូតស្អាត គឺនៅតែឃើញថ្មី ហើយ​បើរថយន្តថ្មី ខ្ជិលលាងសម្អាត នោះមើលទៅក៏ចាស់ដែរ។ ចំពោះរថយន្តរបស់លោក ជិះជិត២០ឆ្នាំហើយ នៅតែថ្មី។ អ្នកខ្លះគេ​មាន​លុយ គេទិញឡានថ្មី រីឯអ្នកខ្លះមានលុយ គេមិនទិញឡានថ្មី ព្រោះគេមិនចង់ខ្ជេះខ្ជាយ ឬមានហេតុផល​ច្រើន​ទៀត។

អ្នកឧកញ៉ា បានបន្ថែមថា ដូច្នេះធ្វើអ្វីដែលយើងចង់ធ្វើ ធ្វើអ្វីដែលយើងចូលចិត្ត បើយើងនៅតែធ្វើតាមគេ យើងនឹង​រស់នៅ​ដោយ​តឹង​តែងអារម្មណ៍ យើងនឹងរស់នៅដោយគ្មានន័យ។ សូមរស់នៅដោយសប្បាយចិត្ត រស់នៅដោយ​មានសេចក្តីទូលំទូលាយ ពោរពេញដោយអារម្មណ៍របស់ខ្លួនឯង កុំចង្អៀតចង្អល់ កុំទិទាន កុំច្រណែន កុំគុំគួន កុំស្អប់ខ្ពើម កុំរិះគន់​មើលងាយ​គេ កុំពូជសាសន៍និយម នោះយើងនឹងសប្បាយ គេងលក់ស្រួល ញ៉ាំឆ្ងាញ់ ហើយ​មិនមានរឿងរ៉ាវអាស្រូវ មិនដេក​ភ័យ អង្គុយភ័យនោះទេ។ សូមរស់នៅដោយសាមញ្ញ ជីវិតយើងមានតែមួយពេលទេ អ្នកខ្លះអស្ចារ្យដល់ស្អែកឡើង​ទៅបាត់ មិនទាន់បានចាយលុយផង មិនទាន់បានលាកូនចៅផង ដូច្នេះសូមរស់នៅ​ដោយក្តីសប្បាយ ហើយបើក្រគឺក្រឱ្យថ្លៃថ្នូរ៕