គណៈកម្មការ ចាប់ផ្តើមចុះធ្វើការជំរឿនមន្ត្រី នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២១ ខែមេសានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ជាក់ស្តែងក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី២១ និងទី២២ ខែមេសា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿន។ 

សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងទី៣ ដែលបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕