ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មានប្រជាពលរដ្ឋបានមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃតាមរថយន្តក្រុងរបស់រដ្ឋ បានកើនឡើងជិត៤០%។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដេម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វើបុណ្យទានផងដែរ។

សម្តេចធិបតី បានបន្ថែមថា ជាលទ្ធផលមានប្រជាពលរដ្ឋចំនួន១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើងចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។
សូមជម្រាបដែរថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល។នេះបើតាមការបញ្ជាក់បន្ថែមពី សម្តេចធិបតី ហ៊ុន ម៉ាណែត៕


