ពលរដ្ឋមកទទួលសេវាដឹកជញ្ជូនតាម​រថយន្តក្រុងរបស់រដ្ឋឥតគិតថ្លៃ​ អំឡុងចូលឆ្នាំ ​​កើនឡើងជិត៤០%

សង្គម​ និង​សេដ្ឋកិច្ច

​ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​បានមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​តាម​រថយន្តក្រុង​របស់​រដ្ឋ ​​ បានកើនឡើង​ជិត៤០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដេម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វើបុណ្យទានផងដែរ។

សម្តេចធិបតី បានបន្ថែមថា ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកើនឡើង​ចំនួន​ ៣៣.៦៤១នាក់​ ស្មើនឹង ៣៩%។ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។

សូមជម្រាបដែរថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល។នេះបើតាមការបញ្ជាក់បន្ថែមពី សម្តេចធិបតី ហ៊ុន ម៉ាណែត៕