ឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន សន្យាថាជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន បានសន្យាថានឹងខិតខំជំរុញវិនិយោគគិនចិន ពិសេសលើផ្នែកឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះគឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។

នាឱកាសនោះ លោកអគ្គលេខាធិការ បានស្វាគមន៍ និងកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខណៈលោកក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោក លី លីងសិន បានឱ្យដឹងថា ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។

លោក បានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។ មុននឹងបញ្ចប់ លោកក៏បានសន្យាថានឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន