ជប៉ុន នឹងចុះហត្ថលេខាផ្តល់ជំនួយ ៣១០លានដុល្លារដើម្បីបន្តអភិវឌ្ឍន៍កំពង់ផែព្រះសីហនុស្អែកនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥សីហានេះ សម្តេច ហ៊ុន សែន បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុឲ្យកាន់តែជ្រៅបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីការបរទេសជប៉ុននឹងចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជាដើម្បីបន្តការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុឱ្យមានជម្រៅទឹកកាន់តែជ្រៅដែលអាចឱ្យនាវាធំៗដឹកចេញ-ចូលផ្ទាល់តែម្តង»។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ឥណទានសម្បទានជាង ៣១០លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

សូមរម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការធ្លាប់បានឲ្យដឹងថា បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប៥ជំហាន។ សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។

ក្រោយជំហានទី ១ សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយឡែករដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី ៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅធ្លាប់បានឲ្យដឹងដែរថា JICA កំពុងសិក្សាលើជំហាននេះផងដែរ។
លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ ដែលនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រេឯណោះ៕ អត្ថបទ៖ រង្សី