អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើដល់អ្នកវិនិយោគកម្ពុជា គួរសំឡឹងមើលការរកស៊ីលើវិស័យជន្ទល់សេដ្ឋកិច្ចកម្ពុជា ចំនួនពីរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ា​កម្ពុជា បានស្នើសុំនិងលើកទឹកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា គួរសំឡឹងមើល​ឱកាសប្រកបរបររកស៊ី​លើវិស័យ​ដែលជាជន្ទល់សេដ្ឋកិច្ចកម្ពុជាចំនួនពីរគឺ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មធុនស្រាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងទិវាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីពេលថ្មីៗនេះ ​អ្នកឧកញ៉ា មានប្រសាសន៍ថា វិស័យដែលជាជន្ទល់សេដ្ឋកិច្ច​របស់កម្ពុជា មាន៤ រួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្មធុនស្រាល និងវិស័យ​អចលនទ្រព្យ​និងសំណង់ ប៉ុន្តែវិស័យពីរ គឺវិស័យអចលនទ្រព្យ និងទេសចរណ៍ បានកំពុងនឹងជួបបញ្ហាប្រឈម ដូច្នេះមានតែវិស័យពីរទេ គឺកសិកម្ម និងឧស្សាហកម្មធុនស្រាល ដោយកាលពីឆ្នាំមុន ការនាំចេញក្នុងវិស័យ​ទាំងពីរនេះ មានកំណើនប្រមាណ២៧ ទៅ២៨% និងព្យាករថានៅឆ្នាំនេះ អាចនឹងនាំចេញក្នុងរង្វង់២៦% ទៅ២៧% ផងដែរ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកវិនិយោគ គួរតែសំឡឹងមើលការវិនិយោគទៅ​លើអ្វី​ដែលគាំទ្រ និងតម្រូវទៅតាមទិន្នន័យដែលរដ្ឋាភិបាលមាន ដូចជា​ការជំរុញវិនិយោគទៅលើរោងចក្រ​ឧស្សាហកម្ម​ធុនស្រាល និងវិស័យកសិកម្ម​ ដោយប្រើប្រាស់បច្ចេកវិទ្យា ​​ខណៈរដ្ឋាភិបាលបានបង្កើតតំបន់ឧស្សាហកម្ម ដើម្បី​កែច្នៃនាំចេញ។

សូមជម្រាបថា វិស័យកសិកម្មនៅកម្ពុជា គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ ដោយក្នុងឆ្នាំ២០២៥ រួម​ចំណែក​ប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។ ចំពោះឧស្សាហកម្មធុនស្រាល គឺជាសកម្មភាព​សេដ្ឋកិច្ចដែលផលិតទំនិញប្រើប្រាស់សម្រេច ឬពាក់​កណ្តាលសម្រេច ដោយប្រើប្រាស់រូបធាតុដើមតិចតួច និង​កម្លាំងពលកម្មច្រើន។ វិស័យនេះផ្តោតលើផលិតផល​អតិថិជនដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​អេឡិច​ត្រូនិក និងអាហារកែច្នៃ ដែលមានតួនាទីសំខាន់​ក្នុង​ការបង្កើតការងារ និងអភិវឌ្ឍសេដ្ឋកិច្ច៕