អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានស្នើសុំនិងលើកទឹកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា គួរសំឡឹងមើលឱកាសប្រកបរបររកស៊ីលើវិស័យដែលជាជន្ទល់សេដ្ឋកិច្ចកម្ពុជាចំនួនពីរគឺ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មធុនស្រាល។

ក្នុងទិវាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា មានប្រសាសន៍ថា វិស័យដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា មាន៤ រួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្មធុនស្រាល និងវិស័យអចលនទ្រព្យនិងសំណង់ ប៉ុន្តែវិស័យពីរ គឺវិស័យអចលនទ្រព្យ និងទេសចរណ៍ បានកំពុងនឹងជួបបញ្ហាប្រឈម ដូច្នេះមានតែវិស័យពីរទេ គឺកសិកម្ម និងឧស្សាហកម្មធុនស្រាល ដោយកាលពីឆ្នាំមុន ការនាំចេញក្នុងវិស័យទាំងពីរនេះ មានកំណើនប្រមាណ២៧ ទៅ២៨% និងព្យាករថានៅឆ្នាំនេះ អាចនឹងនាំចេញក្នុងរង្វង់២៦% ទៅ២៧% ផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកវិនិយោគ គួរតែសំឡឹងមើលការវិនិយោគទៅលើអ្វីដែលគាំទ្រ និងតម្រូវទៅតាមទិន្នន័យដែលរដ្ឋាភិបាលមាន ដូចជាការជំរុញវិនិយោគទៅលើរោងចក្រឧស្សាហកម្មធុនស្រាល និងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ខណៈរដ្ឋាភិបាលបានបង្កើតតំបន់ឧស្សាហកម្ម ដើម្បីកែច្នៃនាំចេញ។
សូមជម្រាបថា វិស័យកសិកម្មនៅកម្ពុជា គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ ដោយក្នុងឆ្នាំ២០២៥ រួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។ ចំពោះឧស្សាហកម្មធុនស្រាល គឺជាសកម្មភាពសេដ្ឋកិច្ចដែលផលិតទំនិញប្រើប្រាស់សម្រេច ឬពាក់កណ្តាលសម្រេច ដោយប្រើប្រាស់រូបធាតុដើមតិចតួច និងកម្លាំងពលកម្មច្រើន។ វិស័យនេះផ្តោតលើផលិតផលអតិថិជនដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងអាហារកែច្នៃ ដែលមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងអភិវឌ្ឍសេដ្ឋកិច្ច៕





