កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជនកាន់តែប្រសើរ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក វ៉ាង យី (Wang Yi) បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ លោកថា អញ្ជើញចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្ដេចធិបតីបានគូសរំលេចជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន

