តើអគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃ៦០លានដុល្លារ សាងសង់បានប៉ុន្មាន%ហើយ?

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ​​​​សាងសង់​សម្រេច​បាន​ជាង ៦០% ​​និង​គម្រោង​បញ្ចប់​ទៅ​តាម​​ផែនការ​គ្រោង​ទុក ​​នៅ​ខែ​សីហា ឆ្នាំ២០២៣ ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២២​កន្លង​ទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​​បាន​ដឹក​នាំ​ក្រុមការងារ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​វឌ្ឍនភាព អំពី​ដំណើរការ​សាងសង់​អគារ​នេះ​ដោយ​ផ្ទាល់។ ក្នុង​ឱកាស​នេះ សម្តេច​ក្រឡាហោម ​​​​បាន​បញ្ជាក់​ថា ​​បន្ទាប់​​ពី​ការ​សាងសង់​អស់​រយៈពេល​ ១​ឆ្នាំ​ ពេល​នេះ​​សរុប​ជា​រួម​ ការ​សាងសង់​​​សម្រេច​បាន ៦០​% ហើយ។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិត​ចាប់​ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ អគារ​ដ៏​ធំ​នេះ​ ទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

សូមរំលឹកថា អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ ដែលមានផ្ទៃដីសរុបទំហំ៥,៦ ហិចតា ផ្នែកខាងមុខនៃអាគារ​នេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់​បញ្ចូល​ជាន់ផ្ទាល់ដី និងជាន់ សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។

ចំណែក​ឯ​ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ​ដំបូល​ប្រក់​ក្បឿងស្រកាលិញ មានបុស្បបុកចំនួន៥ លំនាំតាប្រាសាទអង្គវត្តកំពូល៥ លំនាំតាមប្រាសាទអង្គវត្ត​កំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធំ្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តសមជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។

គួរ​បញ្ជាក់​ថា ​​​​​​ចាប់តាំងពីឆ្នាំ២០២១មក អគារ​ស្ថាប័នរដ្ឋ​ដ៏​ស្កឹមស្កៃ​​ជា​ច្រើន ​​​ត្រូវ​បាន​សាងសង់​ថ្មី​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ តួយ៉ាងដូចជា អគារ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​សម្ពោធកាលពីថ្ងៃទី​២២ ខែមករា ឆ្នាំ​ ២០២១, អគារ​ទីស្តីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​សម្ពោធ​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០២១, អគារ​ក្រសួង​ការពារ​ជាតិ​ថ្មី បាន​សម្ពោធ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ២០២១ ក្រោម​​អធិបតីភាព​​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដូចគ្នា​ផងដែរ៕