សម្តេចតេជោ ហ៊ុន សែន៖ ចិនបើកចំហទីផ្សារស្វាគមន៍កម្ពុជាជានិច្ច

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្ម​កម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤​លានដុល្លារ កើនឡើង ៤,៤​ភាគរយ​ធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣​លានដុល្លារ ថយចុះ ១៧,៩​ភាគរយ និងទំនិញកម្ពុជា​នាំចូលពីចិនមានចំនួន ១០ ៤៤៥,៥៣៣​លាន​ដុល្លារ កើន៧,៩​ភាគរយ។

សម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅក្នុងសម្រេចបានក្នុងទឹកប្រាក់ជិត ៣,៩ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចប៉ុណ្ណោះ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការនាំទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន កើនឡើងជិត ៤​ភាគរយ៕

អត្ថបទ៖ អក្ខរា