មន្រ្តីជាន់ខ្ពស់នៃប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានបានបង្ហាញការប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ និងគ្រប់ភាព ដើម្បីការពារបូរណភាពទឹកដី នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងឱកាសចូលចុះជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំង ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល រំលឹកបង្ហាញនូវការគោរពនូវវីរភាព នៃវីរយុទ្ធជនការពារជាតិទាំង អស់ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទី បំផុត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះ លោក ក៏បានអនុញ្ញាតឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចូលរួមដើម្បីបង្ហាញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេនាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ។
ទន្ទឹមគ្នានេះ លោកបន្តថា យើងប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីធានាថាយើងទាំងអស់គ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ។
សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានប្រាប់ទៅប្រទេសនានាថា កម្ពុជា មិនសុំអាវុធ មកវ៉ៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ហេតុនេះ កម្ពុជាបាច់ត្រូវតែយកបញ្ហាព្រំដែនកម្ពុជា នៅតំបន់ទាំង៤ ទៅកាន់ ICJ គឺដោយសារកម្ពុជាដឹងច្បាស់ថា ភាគីទាំងពីរ នឹងមិនអាចចុះសម្រុងគ្នាទេ បើទោះជាចំណាយពេល១០០ឆ្នាំ ក្នុងការចរចារទ្វេភាគី ក៏នៅតែមិនអាចស្រុះស្រួលគ្នាដែរ ហេតុនេះ ការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិគឺជារឿងល្អបំផុត។
ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ការបញ្ជូនសំណុំរឿងនេះ មិនមែនជាការបង្កជម្លោះ ឬសង្គ្រាមជាមួយថៃនោះឡើយ ហើយកម្ពុជា មិនមែនខ្វះអាវុធ និងកម្លាំងវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី នឹងត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕ អត្ថបទ៖ ហ្សាលីន
