មន្រ្តីជាន់ខ្ពស់កម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនងជាមួយជប៉ុន នៅក្នុងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះចៅអធិរាជជប៉ុន និងបុណ្យជាតិជប៉ុន ដែលប្រារព្ធឡើងនៅនិវេសនដ្ឋានឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមគ្នា គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៊ូអេណូ អាតស៊ុស៊ី (H.E. UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការស្តារនិងកសាងឡើងវិញនូវសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រលើវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សំខាន់របស់ជប៉ុន និងបានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត៕ អត្ថបទ៖ហ្សាលីន