មគ្គុទេសទេសចរក្នុងខេត្តសៀមរាប ចង់បានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលច្រើនជាង៣ខែដើម្បីរៀបចំខ្លួនទទួលភ្ញៀវទេសចរឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

លោក ធឿន វុឌ្ឍី ជាមគ្គុទេសទេសចរប្រចាំនៅខេត្តសៀម ក្រៅពីចាត់ទុកការបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គ-នាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ ខែជាឱកាសដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មឱ្យរៀបចំខ្លួនឡើងវិញ ប៉ុន្តែសម្រាប់ពេលវេលា៣ខែនេះលោកគិតមិនទាន់សមរម្យទេ ពោលគឺលោកចង់បានការបន្តលើកលែងបង់ពន្ធប្រចំាខែនេះឱ្យបានរយៈកន្លះឆ្នាំឬ៦ខែទើបសមរម្យក្នុងការៀបចំខ្លួនឡើងវិញទទួលភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គុទេ បានឱ្យដឹងថា វិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជានេះ ជាការលើកទឹកចិត្តបន្ថែមដោយសារតែអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ពេលខ្លះពួកគាត់បានរៀបចំដំណើរការឡើងវិញ អ្នកខ្លះមិនទាន់បានរៀបចំខ្លួន ហើយអ្នកខ្លះទៀតនៅរងចំាមើលភ្ញៀវចូលមកកម្ពុជា។ រាជរដ្ឋាភិបាលបានលើកលែង៣ខែបន្ថែមនេះជាការផ្តល់ឱកាសមួយដ៏ល្អសម្រាប់អ្នកដែលមិនទាន់បានរៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញឱ្យពួកគាត់បានរៀបចំដើម្បីទទួលភ្ញៀវទេសចរដែលនឹងចូលមកទស្សនាកម្ពុជានៅពេលខាងមុខជាបន្តបន្ទាប់។

លោក ធឿ នវុឌ្ឍី មានប្រសាសន៍ថា«ជារួមខ្ញុំគិតថាវាជាឱកាសមួយដ៏ល្អ។ ជាក់ស្តែងរូបខ្ញុំនិងមិត្តភក្រ្ត័មគ្គុទេសទេសចរដទៃទៀតកាលពីជំងឺកូវីដ១៩រីករាលដាល យើងបានដាច់ឬផុតកំណត់អាជ្ញាប័ណ្ណអស់ហើយ ដែលទាមទារត្រូវបន្តតែបើមិនបន្តអាជ្ញាប័ណឡើងវិញ អាចត្រូវរងការពិន័យប្រាក់២លានរៀល។ ប៉ុន្តែក្រោយកូវីដ១៩ក្រសួងទេសចរណ៍ក៏ដូចជារាជរដ្ឋាភិបាលក៏បានលើកលែងឱ្យបន្តអាជ្ញាប័ណធ្វើអាជីវកម្មឡើងវិញ។ដូចនេះការលើកលែងរបស់រាជរដ្ឋាភិបាល៣ខែបន្តនេះខ្ញុំយល់ថាវាស្រដៀងគ្នាដែរ វាជាការលើកទឹកចិត្តដល់ផ្ទះសំណាក់ សណ្ឋាគារនិងភ្នាក់ងារទេសចរផ្សេងៗ គាត់មានពេលវេលាវែងគួរសមក្នុងការរៀបចំអ្វីៗដែលត្រៀមដំណើរការឡើងវិញ»។

លោកសង្កត់ធ្ងន់ថា«ការលើកលែង៣ខែបន្ថែមនេះ ខ្ញុំគិតថាវាមិនទាន់គ្រាប់គ្រាន់ទេ។ ប៉ុន្តែវាជាឱកាសមួយសមស្របសម្រាប់អ្នកដែលបានគិតគូរច្បាស់លាស់។តែសម្រាប់អ្នកដែលនៅរងចំាមើលហើយមើលទៀតសម្រាប់ពេលវេលា៣ខែនេះវាមិនទាន់គ្រប់ទេសម្រាប់ពួកគាត់។សម្រាប់ខ្ញុំផ្ទាល់ ដែលជាអ្នករស់នៅទីនេះយល់ថាយ៉ាងហោចណាស់ត្រូវការពេលវេលាកន្លះឆ្នាំឬ៦ខែទៀតទើបសមសម្រប»។

សេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅមធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។

បើតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដដែលបានគូសបញ្ជាក់ថា ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈប្រកបដោយភាពមិនប្រាកដប្រជានេះ ។ ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ៖១)-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គ-នាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ ខែ គឺពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៣ ។ អាជីវកម្មទាំងអស់នេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។ ២)-បន្តផ្ដល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍ និង៣)- បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។

ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការប្រែប្រួលនិន្នាការតំបន់ និង សកលលើសង្គម-សេដ្ឋកិច្ច និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀត សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ៕ អត្ថបទ៖សារេត