ទូតឡាវ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ ការប្តេជ្ញានេះ បានធ្វើឡើងកាល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប លោក សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម ហើយក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងកិច្ចសហការបន្តជាប្រចាំជាមួយស្ថានទូតឡាវនៅកម្ពុជា។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន