មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ទំហំជាង១០ហិកតា ដាក់ឲ្យដំណើរការហើយ

សង្គម​និង​សេដ្ឋកិច្ច

មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ដែលស្ថិតនៅលើផ្ទៃដីសរុប ១០,៤ហិកតា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមាន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ឯកឧត្តម  វេង សាខុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនេះ ឯកឧត្តម វេង សាខុន បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌល គិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។

ឯកឧត្តម ជឿជាក់ថា មណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថានាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែងនេះ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។មជ្ឈមណ្ឌលនេះ បានសាងសង់ឡើង នៅលើផ្ទៃដីសរុប ១០,៤ហត ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ដុល្លារអាមេរិក។

មជ្ឈមណ្ឌលនេះមានស្រះសរុបចំនួន ២៤ ក្នុងនោះ៖ ស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។ មជ្ឈមណ្ឌលមានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍៕