កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថាខ្លួនបានស្ទាក់ចាប់ និងបញ្ជាឲ្យកប៉ាល់ពាណិជ្ជកម្មពីរគ្រឿងបង្វែរទិសដៅចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ពួកគេពីបទធ្វើសកម្មភាពខុសច្បាប់ នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី២២ ខែមេសាថា ខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញពីរគ្រឿង គឺ MSC Francesca និង Epaminodes នៅក្នុងច្រកសមុទ្រ Hormuz ដោយកប៉ាល់ MSC Francesca ត្រូវបានចោទប្រកាន់ថាជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។
IRGC បានបង្ហាញឲ្យដឹងទៀតថា Francesca និង Epaminodes បានដំណើរការដោយគ្មានការអនុញ្ញាតចាំបាច់ នៅក្នុងច្រកសមុទ្រ Hormuz និងបានរំលោភលើបទប្បញ្ញត្តិអ៊ីរ៉ង់ម្តងហើយម្តងទៀតសម្រាប់ការត្រួតពិនិត្យនៅច្រកសមុទ្ររបស់ខ្លួន។
គួរឲ្យដឹងថា ជុំវិញការប្រកាសរបស់កងកម្លាំង IRGC នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអង្គការសន្តិសុខសមុទ្របានកត់ត្រាឧប្បត្តិហេតុជាច្រើន នៅក្នុងតំបន់នោះ។ អ្នកសម្របសម្រួលពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយថា យ៉ាងហោចណាស់នាវាកុងតឺន័រចំនួនបីគ្រឿងត្រូវបានកំណត់គោលដៅ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃទី២២ ខែមេសា។
កប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថាត្រូវបានទូកល្បឿនលឿនរបស់កងកម្លាំង IRGC ចូលទៅជិត និងបាញ់ប្រហារ ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសមាជិកនាវិកទាំងអស់មានសុវត្ថិភាព។
ជម្រាបជូនផងដែរថា អ៊ីរ៉ង់ បានធ្វើការព្រមានម្តងហើយម្តងទៀតចំពោះនាវាទាំងអស់ ដែលព្យាយាមឆ្លងកាត់តាមច្រកសមុទ្រ Hormuz ត្រូវតែស្តាប់តាមការណែនាំរបស់ខ្លួន ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងច្រកសមុទ្រដ៏សំខាន់នេះ៕

