ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិនិយោគិនធំៗចំនួនបី ដើម្បីលក់ភាគហ៊ុនសរុបជាង ៨០% របស់ TikTok នៅសហរដ្ឋអាមរិក ក្នុងគោលបំណងចៀសវាងការហាមឃាត់កម្មវិធីរបស់ខ្លួន នៅលើទឹកដីនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកថាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនឆ្នាំ អំពីអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក គិតចាប់តាំងពិខែសីហា ឆ្នាំ២០២០ មក នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមហាមឃាត់កម្មវិធីដែលកំពុងមានអ្នកប្រើប្រាស់អាមេរិក ប្រមាណជាង ១៧០ លាននាក់ ។
យ៉ាងណាមិញ បើតាមលោក Shou Zi Chew នាយកប្រតិបត្តិរបស់ TikTok បាននិយាយប្រាប់ទៅកាន់បុគ្គលិក កាលពីថ្ងៃទី១៨ ខែធ្នូថា ByteDance ដែលជាក្រុមហ៊ុនមេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមដែលមានសុពលភាពជាមួយវិនិយោគចំនួនបី ដូចជា Oracle , Silver Lake , និង MGX ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីមួយ ដើម្បីគ្រប់គ្រងលើ TikTok នៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា TikTok USDS Joint Venture LLC។
ជម្រាបជូនផងដែរថា តាមរយៈក្រុមហ៊ុនបង្កើតថ្មីនេះ ភាគហ៊ុនចំនួន ៨០,១% នឹងត្រូវបានកាន់កាប់ដោយវិនិយោគិនអាមេរិក និងសកល ក្នុងនោះរួមមានក្រុមហ៊ុន Oracle, Silver Lake ខណៈក្រុមហ៊ុន MGX មកពីទីក្រុងអាប៊ូដាប៊ី កាន់កាប់ ១៥%។ ដោយឡែកសម្រាប់ភាគហ៊ុននៅសេសសល់ នឹងត្រូវរក្សាទុកដោយក្រុមហ៊ុនមេ ByteDance ខណៈកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ៕

