មហាសេដ្ឋីគ្រីបតូ Justin Sun ប្តឹងក្រុមហ៊ុនវិនិយោគរូបិយប័ណ្ណឌីជីថលរបស់គ្រួសារលោក ត្រាំ

អន្តរជាតិ

អ្នកជំនួញ និងត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីក្នុងវិស័យគ្រីបតូ លោក Justin Sun បានដាក់ពាក្យបណ្តឹងមួយ ដោយចោទប្រកាន់វេទិការូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទក្លែងបន្លំ និងរារាំងពីការដកទ្រព្យសម្បត្តិចេញពីវេទិកានោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារតុលាការសហព័ន្ធ San Francisco បានបង្ហាញថាមហាសេដ្ឋីគ្រីបតូមានដើមកំណើតនៅក្នុងប្រទេសចិនរូបនេះ បានអះអាងថាខ្លួនបានទិញយកកាក់ឌីជីថល WLFI មានតម្លៃ ៤៥លានដុល្លារ ដែលបង្កើតឡើងដោយក្រុមហ៊ុន World Liberty Financial របស់គ្រួសារលោក ត្រាំ ក្នុងខែតុលា ឆ្នាំ២០២៤។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Sun បានមើលឃើញថាការវិនិយោគរបស់ខ្លួនមានភាពមិនប្រក្រតី ដោយដំបូងឡើយកាក់ WLFI នេះ មិនអាចផ្ទេរចេញពីក្នុងគណនីរបស់លោកបាននោះឡើយ ខណៈតម្លៃរបស់កាក់នេះ បានធ្លាក់ចុះយ៉ាងខ្លាំង ពី ៤៦សេនក្នុងមួយកាក់ មកនៅត្រឹមតែ ៤សេនក្នុងមួយកាក់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោក Sun ថែមទាំងបានអះអាងទៀតថា ទ្រព្យសកម្ម WLFI របស់លោក ត្រូវបានបង្កកដោយឯកតោភាគីដោយក្រុមហ៊ុន World Liberty Financial ហើយបន្ថែមថាលោកមិនអាចបន្តលក់កាក់ណាមួយរបស់ខ្លួនបាននោះឡើយ គិតរហូតមកដល់បច្ចុប្បន្ន។

ជម្រាបជូនផងដែរថា កន្លងមកលោក Sun ត្រូវបានគេមើលឃើញថាបានបង្កើតភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយគ្រួសាររបស់លោក ត្រាំ ពាក់ព័ន្ធទៅនឹងការវិនិយោគក្នុងវិស័យកាក់ឌីជីថល ជាពិសេសនៅក្នុងក្រុមហ៊ុនដែលមានស្ថាបនិកជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិកផ្ទាល់ គឺលោក Donald Trump Jr. និង Eric Trump ៕​