ប្រទេសចំនួន៤០ គាំទ្រផែនការជម្លៀសកប៉ាល់ចេញពីឈូងសមុទ្រដែលជាប់គាំង ដោយជម្លោះអ៊ីរ៉ង់

អន្តរជាតិ

រដ្ឋជាសមាជិកចំនួន ៤០ នៃអង្គការសមុទ្រអន្តរជាតិ កាលពីពេលថ្មីៗនេះ​បានបង្ហាញការគាំទ្រផែនការជម្លៀសកប៉ាល់ពាណិជ្ជកម្ម និងនាវិករាប់រយនាក់ដែលជាប់គាំងនៅក្នុងឈូងសមុទ្រ ដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានAl Jazeera។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គការសមុទ្រអន្តរជាតិ (IMO) បានបង្កើតផែនការមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីជម្លៀសកប៉ាល់ពាណិជ្ជកម្ម និងក្រុមនាវិករបស់ពួកគេដែលជាប់គាំងនៅក្នុងឈូងសមុទ្រដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។ លោកស្រី Natasha Brown អ្នកនាំពាក្យរបស់ IMO បានប្រាប់កាសែតរុស្ស៊ី Izvestia នៅថ្ងៃទី២៤ ខែមេសាថា រដ្ឋជាសមាជិកចំនួន ៤០ បានគាំទ្រផែនការនេះ។

លោកស្រី Brown បាននិយាយទៀតថា IMO នឹងចងក្រងបញ្ជីកប៉ាល់ដែលត្រូវការចាកចេញពីតំបន់នោះ និងសម្របសម្រួលដំណើរការជម្លៀស។ យោងតាម ​​IMO ផែនការជម្លៀសនេះនឹងមិនពាក់ព័ន្ធនឹងវិធានការបង្ខិតបង្ខំណាមួយឡើយ ហើយកប៉ាលដែលជាប់គាំងទាំងនោះ នឹងត្រូវបានសម្របសម្រួលទាំងស្រុង។

ទន្ទឹមនឹងនេះ អគ្គលេខាធិការ IMO លោក Arsenio Dominguez បាននិយាយនៅថ្ងៃទី២១ ខែមេសាថា ផែនការនេះផ្តោតលើការបង្កើតច្រករបៀងសមុទ្រដែលមានសុវត្ថិភាព ដោយផ្តល់អាទិភាពដល់ការជម្លៀសកប៉ាល់ប្រហែល ៨០០ គ្រឿងដែលជាប់គាំងនាពេលបច្ចុប្បន្នដោយសារតែការបិទច្រកសមុទ្រ Hormuz។

កប៉ាល់ទាំងនោះនឹងចេញដំណើរតាមលំដាប់លំដោយដែលបានរៀបចំឡើង ដោយផ្នែកខ្លះនឹងត្រូវពឹងផ្អែកលើរយៈពេលដែលក្រុមនាវិករបស់ពួកគេជាប់គាំង។ លោក Dominguez បានបន្ថែមថា ប្រតិបត្តិការជម្លៀសអាចបន្តបានលុះត្រាតែជម្លោះបានស្ងប់ស្ងាត់ ហើយតំបន់នោះត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព ជាពិសេសគ្មានការគំរាមកំហែងដូចជាមីនក្រោមសមុទ្រជាដើម។

ជម្រាបជូនថា យោងតាមអគ្គលេខាធិការ IMO បាននិយាយថា នាវិកប្រហែល ២០ ០០០ នាក់បានជាប់គាំងនៅក្នុងឈូងសមុទ្រ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ហើយវាមិនដឹងថាពេលណាពួកគេនឹងអាចត្រឡប់ទៅផ្ទះវិញបានទេ៕​