នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែបានព្យាបាលជាសះស្បើយហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Netanyahu បាននិយាយថា លោកបានទទួលការវះកាត់ដោយជោគជ័យ ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត កាលពីមួយឆ្នាំកន្លះមុន។ ក្នុងអំឡុងពេលពិនិត្យសុខភាពចុងក្រោយ លោកគ្រូពេទ្យបានរកឃើញដុំពកតូចមួយដែលមានទំហំតិចជាង ១ សង់ទីម៉ែត្រនៅក្នុងក្រពេញប្រូស្តាតរបស់លោក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយទៀតថា វាជាដុំសាចកាច នៅដំណាក់កាលដំបូងប៉ុន្តែមិនរងផលប៉ះពាល់ទាំងស្រុង និងមិនរីករាលដាលនោះឡើយ ដោយលោកទទយលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីលុបបំបាត់បញ្ហា ហើយឥឡូវនេះមិនបង្ហាញសញ្ញានៃជំងឺនេះទេ។
ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺកាចសាហាវ កើតឡើងទូទៅចំពោះបុរស ជាពិសេសអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ។ ប៉ុន្តែប្រសិនបើត្រូវបានរកឃើញទាន់ពេលវេលា វាអាចត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាពជាមួយនឹងការវះកាត់អង់ដូស្កុប ការវះកាត់ដោយមនុស្សយន្ត និងការព្យាបាលដោយអរម៉ូន។
ជម្រាបជូនថា អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតនៅក្នុងខែឧសភា ឆ្នាំ២០២៥ ដែលបានរាលដាលដល់ឆ្អឹងរបស់លោក។ ក្រោយមកលោកបានបញ្ជាក់ថា លោកបានសម្រេចចិត្តលើផែនការព្យាបាល ហើយសង្ឃឹមថានឹងយកឈ្នះជំងឺមហារីកនេះ៕

