ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានជួបទ្វេភាគីជាមួយ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ ដើម្បីពិភាក្សាគ្នាលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង៕ អត្ថបទ៖ហ្សាលីន



