លោក ពូទីន បង្ហើបថាមេដឹកកំពូលរបស់អ៊ីរ៉ង់ ហាក់មានសុខភាពល្អប្រសើរ ក្រោយបាត់ខ្លួនជាយូរ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា មេដឹកនាំកំពូលអ៊ីរ៉ង់ បានផ្ញើសារមួយមកលោក ដែលនេះហាក់ដូចជាបានបដិសេធដោយប្រយោលមួយចំពោះពាក្យចចាមអារ៉ាមកន្លងពាក់ព័ន្ធទៅនឹងសុខភាពរបស់លោក Mojtaba Khamenei។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង St. Petersburg នៅថ្ងៃទី២៧ ខែមេសាថា ៖”កាលពីសប្តាហ៍មុន ខ្ញុំបានទទួលសារមួយពីមេដឹកនាំកំពូលអ៊ីរ៉ង់ ហើយខ្ញុំសូមថ្លែងអំណរគុណដល់លោកចំពោះសារនោះ។ ខ្ញុំក៏សូមផ្ញើជូននូវប្រាថ្នាដ៏ល្អបំផុតរបស់ខ្ញុំ ចំពោះគាត់ឲ្យមានសុខភាពល្អផងដែរ”។

គួរឲ្យដឹងថា នេះជាលើកដំបូងដែលមេដឹកនាំបរទេសម្នាក់ បានលើកឡើងពីការទាក់ទងគ្នាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ ឬចេញមុខនិយាយជាសាធារណៈសោះឡើយ ចាប់តាំងពីលោកត្រូវបានតែងតាំងនៅក្នុងខែមីនាមក។ យ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ជាក់ខ្លឹមសារអំពីសារនោះឡើយ។

មិនតែប៉ុណ្ណោះ ការប្រកាសរបស់លោក ពូទីន បែបនេះ ក៏ហាក់ដូចជាការបដិសេធមួយទៅលើពាក្យចចាមអារ៉ាមកន្លងមក​អំពីសុខភាពរបស់លោក Mojtaba បន្ទាប់ពីសារព័ត៌មាន CNN កន្លងមក បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមអាកាសដូចគ្នាដែលបានសម្លាប់ឪពុករបស់លោក និងមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត។

ទន្ទឹមនឹងនេះ កាសែត New York Times ក៏បានរាយការណ៍ កាលពីថ្ងៃទី២៣ ខែមេសា ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះថា មេដឹកនាំកំពូលរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែលោកនៅអាចត្រួតពិនិត្យកិច្ចការផ្សេងៗបាន៕​