មេដឹកនាំកូរ៉េខាងជើង ចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំនៃជ័យជម្នះ

អន្តរជាតិ

សារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ ទី២៧ ខែធ្នូថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសរសើរពីសមិទ្ធផល និងជ័យជម្នះ ដែលបានពង្រឹងអំណាចជាតិ និងបានបង្កើតកិត្យានុភាពដល់ប្រទេសនៅឆ្នាំនេះ ខណៈដែលលោកបានបើកកិច្ចប្រជុំនយោបាយដ៏សំខាន់មួយ ដើម្បីកំណត់គោលនយោបាយថ្មីសម្រាប់ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្ទរកថានៅឯកិច្ចប្រជុំដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានកំណត់ថាឆ្នាំ២០២៣ ជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ និងក៏ជាការផ្លាស់ប្តូរទាំងនៅក្នុងឈ្មោះ និងការពិត ដែលនៅក្នុងនោះ កូរ៉េខាងជើងបានបន្សល់ទុកនូវដានដ៏អស្ចារ្យ នៅក្នុងដំណើរការនៃការអភិវឌ្ឍន៍ដ៏រុងរឿង ក្រោមកិច្ចខិតខំប្រឹងប្រែងកែលម្អអំណាចជាតិ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេស។

ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងសម្រេចបាននូវការរីកចម្រើនសមត្ថភាពយ៉ាងឆាប់រហ័ស ក្នុងវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីមានការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា ក៏ដូចជាការដាក់ឲ្យប្រើប្រាស់សព្វាវុធទំនើបៗផ្សេងទៀត។

មួយវិញទៀត ប្រទេសកូរ៉េខាងជើងក៏បានរាយការណ៍ពីការប្រមូលផលដ៏ល្អប្រសើរនៅឆ្នាំនេះ ខណៈដែលប្រទេសមួយនេះបានបញ្ចប់ការសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មីរបស់ខ្លួនមុនការកំណត់ ហើយបានបំពេញតាមគោលដៅសំខាន់ៗ។ ជាមួយគ្នានោះ ផ្លូវ ផ្ទះថ្មី និងអាគារផ្សេងៗទៀត ត្រូវបានសាងសង់នៅក្នុងទីក្រុងព្យុងយ៉ាង និងបណ្តាកន្លែងផ្សេងទៀតនៅទូទាំងប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការវាយតម្លៃថ្មីៗដោយរដ្ឋបាលអភិវឌ្ឍន៍ជនបទ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងត្បូង បានលើកឡើងថា​ផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,៨លានតោនកើនឡើង៦,៩% ពីចំនួនប្រមាណ ៤,៥លានតោនកាលពីឆ្នាំមុន ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិប្រហែល ៥,៥លានតោនដើម្បីចិញ្ចឹមប្រជាជន ២៥លាននាក់ក្នុងមួយឆ្នាំ។

ជម្រាបបន្ថែមថា ដោយយោងទៅតាមអ្នកជំនាញបាននិយាយដែរថា នៅក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គចុងឆ្នាំនៃគណបក្សពលករដែលកំពុងកាន់អំណាចនាសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងទំនងជានឹងផ្អាកការអភិវឌ្ឍន៍អាវុធរបស់ខ្លួន ពីព្រោះប្រទេសនេះខ្វះសមិទ្ធិផលសេដ្ឋកិច្ច ចំពេលមានទណ្ឌកម្មជាបន្តបន្ទាប់ ក៏ដូចជាការលំបាកលើសេដ្ឋកិច្ចទាក់ទងនឹងជំងឺរាតត្បាត៕