តើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ ក្រោយមីយ៉ាន់ម៉ារបូតសិទ្ធ?

អន្តរជាតិ

មេដឹកនាំអាស៊ានទាំងអស់បានសម្រេចចិត្ត មិនអនុញ្ញាតិឲ្យប្រទេសមីយ៉ាន់ម៉ា ទទួលបានសិទ្ធ​ធ្វើជាប្រធានប្ដូរវេន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២៦ ឡើយ ខណៈហ្វីលីពីនទទួលបាន​ឱកាសក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ហ្វីលីពីនយល់ព្រមទទួលភារកិច្ចជំនួសមីយ៉ាន់ម៉ា ក្នងការដើរតួជាប្រធានកិច្ចប្រជុំអាស៊ាននាឆ្នាំ​២០២៦។

“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦”។ នេះបើតាមសម្ដីរបស់លោក Ferdinand។

បើទោះជាមិនបញ្ជាក់ច្បាស់ពីមូលហេតុនៃការលុបចោលសិទ្ធរបស់មីយ៉ាន់ម៉ា ប៉ុន្តែអ្នកការទូត​អាស៊ាន ២រូប បានប្រាប់សារព័ត៌មាន AP ថា វាពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបារម្ភ​ខ្លាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអាស៊ាន អាមេរិក និងអឺរ៉ុប ដែលកំពុងព្យាយាម​រកដំណោះស្រាយ សម្រាប់សង្គ្រាមស៊ីវិលនៅប្រទេសមួយនេះ។

សូមជម្រាបដែរថា មីយ៉ាន់ម៉ាលែងគោរពតាមគោលការណ៍សន្តិភាព ៥ចំណុច ដែលចែងដោយមេដឹកនាំអាស៊ានក្នុងឆ្នាំ២០២១ បន្ទាប់ពីឧត្ដមសេនីយ៍ មីន អោងឡាំង ជោគជ័យ​ក្នុងការធ្វើរដ្ឋប្រហារ ហើយបើគិតមកទល់ពេលនេះ កងយោធាមីយ៉ាន់ម៉ា​បានសម្លាប់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៤ ០០០នាក់ និងចាប់ខ្លួនមនុស្សប្រហែល ២៤ ៤១០នាក់៕