ក្នុងត្រីមាសទី៣នេះ Amazon បន្តកើបប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ

អន្តរជាតិ

នាត្រីមាសទី៣ នៃឆ្នាំ២០២៣នេះ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Amazon បានទាញប្រាក់ចំណូលប្រមាណ ១៤៣,១ ពាន់លានដុល្លារ កើនឡើង ១៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញកើនដល់ទៅ ៩,៩ពាន់លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់ទំនិញនៅក្នុងវេបសាយ Amazon ឃើញថាមានទំហំកើនឡើង ១២% ស្មើរនឹង ២៣,១ ពាន់លានដុល្លារប្រចាំត្រីមាស ស្របពេលដែលក្រុមហ៊ុនបានទាញប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្មបានចំនួន ១២,១ ពាន់លានដុល្លារ ឬកើនឡើង ២៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​មិនត្រឹមតែប៉ុណ្ណោះ ការលក់នៅអាមេរិកខាងជើង បានទាញចំណូលជាង ៨៧,៩ ពាន់លានដុល្លារផងដែរ ខណៈចំនួននេះកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងច្រើនជាង ៣% ភ្លាមៗនៅក្នុងការជួញដូរ បន្ទាប់ពីរបាយការណ៍របស់ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ។

គួររំលឹកផងដែរថា កាលពីត្រីមាសទី២ នៃឆ្នាំនេះដូចគ្នា ការលក់របស់ក្រុមហ៊ុន Amazon បានកើនឡើងដល់ទៅ ១១% ឬស្មើរនឹង​ ១៣៤,៤ ពាន់លានដុល្លារ ដោយកាលនោះ ក្រុមហ៊ុនបានទាញប្រាក់ចំណេញសុទ្ធចំនួន​ ៦,៧ ពាន់លានដុល្លារផងដែរ៕