យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសប្បុរសធម៌សកល Oxfam បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានកើនឡើងយ៉ាងខ្លាំងដល់កម្រិតខ្ពស់បំផុតគឺប្រមាណ ១៨,៣ទ្រីលានដុល្លារ ខណៈអ្នកមានៗទាំងនោះ កំពុងស្វែងរកអំណាចនៅក្នុងឆាកនយោបាយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។

របាយការណ៍ដដែលនេះ បាននិយាយទៀតថា ចំនួនមហាសេដ្ឋីពិភពលោកបានឈានដល់ជាង ៣ ០០០ នាក់ កាលពីឆ្នាំមុន ហើយសរុបជារួមមកពួកគេមើលឃើញទ្រព្យសម្បត្តិកើនឡើង ១៦% ឬប្រមាណ ២,៥ទ្រីលានដុល្លារ។
មិនតែប៉ុណ្ណោះ អង្គការ Oxfam បានបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានកើនឡើង ៨១% គិតចាប់តាំងពីឆ្នាំ២០២០ មក និងបានពណ៌នាថាជាទសវត្សដ៏ល្អសម្រាប់មហាសេដ្ឋី ក្នុងការកើបប្រាក់ចំណូលរបស់ពួកគេ។
អង្គការ Oxfam ក៏បាននិយាយផងដែរថា អ្នកមានទ្រព្យសម្បត្តិច្រើនទាំងនោះតែប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីធានាអំណាចក្នុងឆាកនយោបាយ ក៏ដូចជាភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ ជាឧទាហរណ៍ដូចជាការចូលរួមរបស់មហាសេដ្ឋី Elon Musk នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៥ ក៏ដូចជាភាពជាម្ចាស់របស់មហាសេដ្ឋី Jeff Bezos លើកាសែត The Washington Post និងការទិញយកគេហទំព័រព័ត៌មានបារាំង CNews របស់មហាសេដ្ឋី Vincent Bollore ជាដើម៕

