ក្រុមហ៊ុនចិនមួយ ចង់ប្រែក្លាយប្រទេសកម្ពុជា ជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់សហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Jim Ye តំណាងក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. លើគម្រោងSuper App សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការ លោកអនុរដ្ឋលេខាធិការ ក្រុមហ៊ុន IG Anachak Tech និងសហការី។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖ ១) ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២) ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard), ៣) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management, ៤) កម្មវិធីsuper app tourism + AI។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនiSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ។

សូមរម្លឹកដែរថា យោងតាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននៅកម្ពុជា។នេះបើយោងតាមពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ កាលខែវិច្ឆិកា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន