ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់សហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ។

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Jim Ye តំណាងក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. លើគម្រោងSuper App សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការ លោកអនុរដ្ឋលេខាធិការ ក្រុមហ៊ុន IG Anachak Tech និងសហការី។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖ ១) ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២) ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard), ៣) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management, ៤) កម្មវិធីsuper app tourism + AI។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនiSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ។
សូមរម្លឹកដែរថា យោងតាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននៅកម្ពុជា។នេះបើយោងតាមពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ កាលខែវិច្ឆិកា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន

