យោងតាមកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំជំនួយការរបស់លោកឲ្យត្រៀមខ្លួន សម្រាប់ការបិទផ្លូវអ៊ីរ៉ង់រយៈពេលយូរ ដោយកំណត់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីបង្កើនសម្ពាធ។

ប្រភពដដែលនេះ បានរាយការណ៍ថានៅថ្ងៃទី២៨ ខែមេសា ដោយបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះជាច្រើននាក់ថា នៅក្នុងកិច្ចប្រជុំថ្មីៗនេះនៅឯសេតវិមាន ប្រធានាធិបតី លោក ត្រាំ បានជ្រើសរើសការបន្តដាក់សម្ពាធលើសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងកប៉ាល់ដឹកទំនិញមិនឲ្យចូល និងចាកចេញពីកំពង់ផែរបស់ប្រទេសនេះឡើយ។
ទន្ទឹមនឹងនេះ លោក ត្រាំ បានវាយតម្លៃថា សម្រាប់ជម្រើសផ្សេងទៀត ដូចជាការបន្តការវាយប្រហារតាមអាកាស ឬការដកខ្លួនចេញពីជម្លោះ នឹងមានហានិភ័យច្រើនជាងការរក្សាការបិទផ្លូវទឹកដ៏សំខាន់នេះ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ប៉ុន្តែបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជម្លោះក្នុងអំឡុងពេលចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ពោលគឺពីរបីថ្ងៃក្រោយមក។
ក្រោយមកប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ចាប់ពីថ្ងៃទី១៣ ខែមេសា ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានសម្របសម្រួលនោះទេ ហើយបានសងសឹកដោយការរឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ថែមទៀត៕

