តម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង ៥% មកនៅត្រឹមក្រោម ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ បាននិយាយថាលោកកំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការចរចាជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

គិតនៅត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា តម្លៃប្រេងឆៅ WTI របស់អាមេរិក កំពុងជួញដូរប្រហែល ៩៩ដុល្លារក្នុងមួយបារ៉ែល។ ស្រដៀងគ្នានេះដែរ តម្លៃប្រេងឆៅប្រភេទ Brent ក៏បានធ្លាក់ចុះជាង ៥% មកនៅត្រឹមប្រហែល ១០៥ដុល្លារផងដែរ។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅដ៏សំខាន់ទាំងពីរនេះ គឺដោយសារតែមានការរំពឹងទុកខ្ពស់ថា ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាអាចនឹងវិលត្រលប់មកទីផ្សារវិញបន្តិចម្តងៗ។
ទន្ទឹមនឹងនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ក៏បានបង្ហាញសុទិដ្ឋិនិយមម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបញ្ចប់ជម្លោះក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបជូនថា ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយទីក្រុងតេអេរ៉ង់បានបន្តបិទច្រកសមុទ្រ Hormuz និងទីក្រុងវ៉ាស៊ីនតោនបានបិទកំពង់ផែរបស់អ៊ីរ៉ង់។ ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយមានការផ្គត់ផ្គង់ប្រេង និងឧស្ម័នប្រហែល ២០% ៕

