ដឹងកាលបរិច្ឆេទ លោក ត្រាំ នឹងធ្វើដំណើរទៅចិន ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្ម

អន្តរជាតិ

យោងតាមមន្ត្រីសេតវិមានម្នាក់បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ចំពេលកំពុងមានភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ ត្រូវបានគេរំពឹងទុកមកជាយូរហើយ ថានឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចំពេលភាគីប្រទេសទាំងពីរ ព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងគ្នា។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានប្រាប់មេដឹកនាំបរទេសកាលពីសប្តាហ៍មុន អំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា ៖”នោះនឹងក្លាយជាដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ យើងត្រូវបង្ហាញពីអ្វីដែលធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រចិន”។

ជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកិច្ចពិភាក្សាលើកដំបូងរបស់មេដឹកនាំទាំងពីរ គិតចាប់តាំងពីខែកុម្ភៈ និងជាដំណើរទស្សនកិច្ចជួបគ្នាផ្ទាល់មុខលើកដំបូង ចាប់តាំងពីកិច្ចប្រជុំខែតុលា នៅប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោក ត្រាំ បានយល់ព្រមកាត់បន្ថយពន្ធគយលើប្រទេសចិនជាថ្នូរនឹងការដែលទីក្រុងប៉េកាំងបង្ក្រាបការជួញដូរគ្រឿងញៀន fentanyl ខុសច្បាប់ ដោយបន្តការទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក និងរក្សាការនាំចេញរ៉ែដ៏កម្រ៕