ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបំពាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមសាកល្បងសិក្សាព្យាបាលមួយ នៅក្នុងចក្រភពអង់គ្លេស ជាលើកដំបូង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា ការសិក្សាសាកល្បងនេះ គឺក្រុមហ៊ុន Neuralink មានគោលបំណងប្រើប្រាស់បន្ទះឈីបដាំខួរក្បាលរបស់ពួកគេ ជួយដល់អ្នកជំងឺដែលមានជំងឺខ្វិនធ្ងន់ធ្ងរ ដើម្បីគ្រប់គ្រងឧបករណ៍ឌីជីថល និងឧបករណ៍ផ្សេងៗទៀត ដោយប្រើចិត្តគំនិតរបស់ពួកគេ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្រុមហ៊ុនរបស់ Elon Musk កំពុងចាប់ដៃគូជាមួយមន្ទីរពេទ្យ University College London Hospitals trust និង Newcastle Hospitals ដើម្បីធ្វើការសិក្សានេះ។
ក្រុមហ៊ុន Neuralink បាននិយាយផងដែរថា អ្នកជំងឺដែលរស់នៅដោយសភាពខ្វិន ដោយសារតែលក្ខខណ្ឌដូចជារបួសឆ្អឹងខ្នង និងជំងឺប្រព័ន្ធសរសៃប្រសាទ ដែលហៅថា Amyotrophic Lateral Sclerosis (ALS) គឺអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការព្យាបាលសាកល្បងនេះ។
ជម្រាបជូនថា Neuralink ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ បានរៃអង្គាសទឹកប្រាក់បានប្រហែល ១,៣ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារប្រហែល ៩ពាន់លានដុល្លារ៕ នេះបើយោងតាមរបាយការណ៍ដកស្រង់ពី PitchBook ៕

