ត្រឹមរយ:ពេល ៥ ខែដំបូងឆ្នាំនេះ វៀតណាមកើបលុយបាន ១,៤ ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ

អន្តរជាតិ

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម បានកើនដល់ ១,៤ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ នេះ ប៉ុន្តែបានធ្លាក់ចុះប្រមាណ ១៧% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃតម្លៃនាំចេញ ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះ ជាការថយចុះយ៉ាងច្រើន នៃការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ។

គួរឱ្យដឹងថា ការនំាចេញបន្លែ និងផ្លែឈើទាំងអស់ទៅកាន់ប្រទេសចិន បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះ លើកលែងតែផ្លែចេកប៉ុណ្ណោះ ដែលមានកំណើនគួរឱ្យកត់សម្គាស់ ។

នៅក្នុងរយ:ពេលប្រាំខែដំបូងនៃឆ្នាំនេះ ប្រទេសចិន បាននាំចូលចេក ចំនួន ៧៤២ ០០០ តោន កើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅក្នុងនោះ បរិមាណចេករបស់វៀតណាម និងហ្វីលីពីន មានចំណែកទីផ្សារដល់ទៅ ៤៣% និង ២៨% ឯណោះ ។

ដោយឡែក យោងតាម MARD បានបង្ហាញថា នាពេលខាងមុខ វានៅតែមានភាពពិបាក សម្រាប់ការនាំយកផ្លែឈើ និងបន្លែ ជាពិសេសផលិតផលកសិកម្មទូទៅ ទៅកាន់ទីផ្សារប្រទេសចិន។ ដូច្នេះហើយ ក្រុមហ៊ុននាំចេញ គួរតែស្វែងរកទីផ្សារសកម្មថ្មី និងបង្កើនការនាំចេញផ្លែឈើ ដែលទទួលបានការអនុញ្ញាតពីទីផ្សារប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕

ប្រភព: VietnamPlus