លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រចំពោះការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិននៅកម្ពុជា។ ការលើកឡើងនៅក្នុងឱកាស អញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពេញបេសកកម្មនៅប្រទេសចិនចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ប្រតិភូកម្ពុជា បានអញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់Tiqiao Shanghai, នៅPuJiang ទីក្រុងសៀងហៃ ប្រទេសចិន និងបានពិភាក្សាការងារជាមួយលោក Pan Yuming ប្រធានរោងចក្រផលិតក្រណាត់Tiqiao Shanghai, ដែលសព្វថ្ងៃនេះ កំពុងតែផ្គត់ផ្គង់ក្រណាត់ ទៅរោងចក្រកាត់ដេរជាច្រើននៅក្នុងពិភពលោក ហើយក្នុងនោះក៏មានរោងចក្រមួយចំនួនធំនៅកម្ពុជាផងដែរ។
លោក Pan Yuming បានលើកឡើងថារោងចក្ររបស់លោក គោរពតាមស្តង់ដារអន្តរជាតិ និងទទួលស្គាល់ដោយអន្តរជាតិ។ លោកប្រធាន បានបង្ហាញពី គោលបំណងចង់ ធ្វើការវិនិយោគនៅកម្ពុជា គោរពបទដ្ឋាននិងច្បាប់បរិស្ថាន របស់កម្ពុជា។ ហើយជាជំហានដំបូង គឺលោក ផាន ចង់សហការជាមួយក្រសួងបរិស្ថាន ដើម្បីអភិរក្សធនធានធម្មជាតិតាមរយៈការដាំ ស្មៅយក្ស ហើយកែប្រែស្មៅនេះឱ្យទៅជា អុសជីវៈ ដើម្បីបម្រើឱ្យការចំហុយ ឬក៏អ៊ុតក្រណាត់នៅតាមរោងចក្ររបស់គាត់ផង និងចំហុយ និងអ៊ុតក្រណាត់នៅតាមរោងចក្រកាត់ដេរដទៃទៀតផង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា និងប្រើប្រាស់អុសឬធ្យូងផលិតចេញពីស្មៅយក្ស ដែលក្រសួងបរិស្ថានកម្ពុជា បាននិងកំពុងលើកទឹកចិត្តឱ្យមានការដាំ ស្មៅយក្ស (Giant King Grass) នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីប្រើប្រាស់ជាជីវអុសសម្រាប់ដុតជំនួសអុស និងធ្យូងដែលកាប់ចេញពីព្រៃឈើធម្មជាតិ។
សូមជម្រាបថា បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា រោងចក្រកាត់ដេរនៅកម្ពុជាមួយជាច្រើននៅបន្តប្រើប្រាស់ និងធ្យូង ដើម្បីដុតចំហុយក្រណាត់ និងអ៊ុតក្រណាត់ ដែលការប្រើប្រាស់អុស និងធ្យូងនេះ គឺបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើព្រៃឈើ ហើយជាពិសេសទៀត ទៅលើយុទ្ធនាការដាំកូនឈើដែលក្រសួងបរិស្ថាន និងប្រជាពលរដ្ឋយើងទូទាំងប្រទេសកំពុងតែរួមគ្នាដាំ យ៉ាងតិចចំនួន១ លានដើម ជារៀងរាល់ឆ្នាំ។ ក្រសួងបរិស្ថាន ក៏បានជំរុញឱ្យមានការដាំស្មៅយក្ស និងធ្វើការកែច្នៃ ឬប្រើប្រាស់ ស្មៅយក្សនេះ ទៅជាអុសជីវៈ ហើយប្រើជំនួសអុសធម្មជាតិ និងបានជួយកាត់បន្ថយទាំងសម្ពាធទៅលើធនធានធម្មជាតិ ជាពិសេសព្រៃឈើរបស់កម្ពុជា និងជួយឱ្យកូនឈើដែលយើងខំនាំគ្នាដាំហ្នឹង លូតលាស់ធំធាត់ផងដែរ៕ អត្ថបទ៖ហ្សាលីន



