កម្ពុជា-បង់ក្លាដែស នឹងរួមគ្នាលើកកម្ពស់ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីប្រយោជន៍ទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-បង់ក្លាដែស ប្តេជ្ញារួមគ្នាថា នឹងពង្រឹងពង្រីកពូនជ្រំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការថ្មីៗ ពិសេសលើកកម្ពស់ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីប្រយោជន៍ទ្វេភាគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមពិធីប្រគល់លិខិតតែងតាំងជូន កុងស៊ុលកិត្តិយសថ្មីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា​ លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧកញ៉ា តាន់ មុនីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា ស្រ៊ៀត មុំសុភា ជាកុងស៊ុលកិត្តិយសសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា លោក-លោកស្រីពីសមាគមធុរកិច្ច និងសហគមន៍កម្ពុជា–បង់ក្លាដែស ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ សរុបជាង២០០នាក់ នៅសណ្ឋាគារ Novotel ភ្នំពេញ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ក្នុងការចូលរួមពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន​ ដោយនេះជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែលនឹងជួយបង្កើនការតភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។

នៅក្នុងពិធីនេះដែរ កម្ពុជា និងបង់ក្លាដែស ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការលើកកម្ពស់ការតភ្ជាប់ប្រជាជនទៅប្រជាជន ទេសចរណ៍ ការបង្កើតឱកាសវិនិយោគថ្មីៗ ដើម្បីផ្តល់អត្ថប្រយោជន៍រួមដល់ប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងទេសចរណ៍ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបង់ក្លាដែស កុងស៊ុលកិត្តិយស និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា–បង់ក្លាដែស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕អត្ថបទ៖ហ្សាលីន