លោក វង្សី វិស្សុត ផ្តល់អនុសាសន៍១០ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីសប្តាហ៍មុន ហើយដើម្បីឱ្យសម្រេចបានដោយជោគជ័យ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ចំណុចដល់ក្រសួងស្ថាប័នពាក់ពាក់ធ្វើការអនុវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុសាសន៍ទាំង១០ចំណុច, លោក វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា៖ ទី១-ក្រសួងស្ថាប័នត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យ ផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពរបស់ខ្លួន ឱ្យមានភាពផ្សារភ្ជាប់ជាមួយរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទី២-គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ ឱ្យបានទាន់ពេលវេលា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។

ទី៣-គ្រប់រាជធានី-ខេត្ត ត្រូវរៀបចំផែនការអភិវឌ្ឍន៍រាជធានី-ខេត្ត និងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ទី៤- គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិ ជាមួយនឹងសហគមន៍ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រួមទាំងកម្មវិធីកែទម្រង់លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ទី៥- សូមដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងពហុភាគីនិងទ្វេភាគីបន្តធានាថាក្របខ័ណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍ បានតម្រឹមនិងតម្រង់ទិសដៅឱ្យស្របជាមួយនឹងឤទិភាពទាំងឡាយ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ។ ទី៦- ក្រសួងស្ថាប័នទាំងអស់ ដែលទទួលហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីគម្រោង និងសកម្មភាពនានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប្រចាំ ហើយត្រូវផ្ញើរបាយការណ៍លទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ មកក្រសួងផែនការទៅតាមពេលកំណត់។

ទី៧-ក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ឱ្យបានពេញលេញ និងតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់។ ទី៨-ក្រសួង ស្ថាប័នត្រូវផ្ដល់អាទិភាពខ្ពស់ដល់ការងាររៀបចំផែនការ គោលនយោបាយ និងស្ថិតិ តាមរយៈការលើកកម្ពស់អង្គភាពនិងមន្ត្រីអនុវត្តការងារនេះ ដោយបន្ថែមអត្ថប្រយោជន៍និងការលើកទឹកចិត្ត តាមលទ្ធភាពក្នុងន័យធានានិរន្តរភាពការងារ។

ទី៩-ដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ ក្នុងការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងទី១០-ក្រសួង ស្ថាប័នទាំងអស់ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មបំផុត ដោយឈរលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

លោកបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បន្តបង្កើតការងារ, វិភាជផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសមធម៌, ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាការកសាងមូលដ្ឋានគ្រឹះ និងភាពធន់នៃការអភិវឌ្ឍឱ្យកាន់តែរឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕