ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ

សង្គម​ និង​សេដ្ឋកិច្ច

កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅសម្តេចតេជោ ហ៊ុន សែនថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា នឹងថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា បានប្រាប់ឯកអគ្គរដ្ឋទូត ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ។ សម្តេចតេជោ បានបញ្ជាក់ទៅឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងដែរថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹងវិលមករកប្រក្រតីភាពឡើងវិញ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានលើកឡើងថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជាវិញ ឯកអគ្គរដ្ឋទូតបារាំង ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត។

សូមជម្រាប់ដែរថា តាមរយៈជំនួបពិភាក្សានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតបារាំងថ្មី ដែលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថានេះគឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្តល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងរវាងកម្ពុជា នឹងបារាំង។ ហើយសម្តេចសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា-បារាំង កាន់តែរីកចម្រើនបន្តទៀត៕ អត្ថបទ៖ហ្សាលីន