ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំn: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជាថ្មីពីសារសំខាន់នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវដំណោះស្រាយជាក់ស្តែងឱ្យបានទាន់ពេលផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាស្មារតីសហការយ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់។

សូមជម្រាបដែរថា កិច្ចប្រជុំខាងលើ បានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីរ៖រួមមាន៖ ១. ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង ២.ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពី ស្តង់ដានីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។ ឯកសារ SOP នេះ នឹងក្លាយជាត្រីវិស័យសម្រាប់តម្រង់ទិសការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែមានតម្លាភាព៕ អត្ថបទ៖ហ្សាលីន