អភិបាលខេត្តក្រចេះ ចំណាយលុយផ្ទាល់ខ្លួន ទិញដីចែកជូនពលរដ្ឋទីទាល់ក្រ ចំនួន១៨គ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន១៨គ្រួសារ ដែលរស់នៅលើដីចំណី​ផ្លូវ ក្នុង​ក្រុង​ក្រចេះ ​​​បាន​ចាប់​ឆ្នោត​ទទួល​យក​ដី​ ​​ដោយ​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ៨ x ២០ ម៉ែត្រ ដែល​ជា​អំណោយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម វ៉ា ថន ​​អភិបាល​ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឯកឧត្តម វ៉ា ថន ​​អភិបាល​ខេត្ត​ក្រចេះ

តាមការ​បញ្ជាក់​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ ​​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តក្រចេះ បាន​អញ្ជេីញចាប់ឆ្នោត​ប្រគល់ដីជូន​ប្រជាពលរដ្ឋទីទាល់ក្រ​ចំនួន ១៨គ្រួសារ ដែលសព្វថ្ងៃរស់នៅលើដីចំណីផ្លូវ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ ដី​ខាង​លើ​នេះ​ ជាអំណោយដ៏ថ្លៃថ្លា​របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ហើយ​លោក​ចំណាយ​ថវិកាផ្ទាល់ខ្លួនទិញ​ជូនបងប្អូន ដោយ ១គ្រួសារ ទទួលបាន ៨x២០ម៉ែត្រ។ ដីនេះដែរ មានទីតាំងជាប់អនុវិទ្យាល័យ ហ៊ុន សែន កាប៉ូ និងជាប់ផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ថា លោក​ វ៉ា ថន ទទួលបានការតែងតាំង​ជា​អភិបាល​ខេត្ត​ក្រចេះ តាំងពី​ឆ្នាំ​២០១៨ ជំនួស​លោក​ សរ ចំរុង ដែល​ចូលនិវត្តន៍។ លោក​ វ៉ា ថន គឺជា​អតីតអភិបាលស្រុកព្រែកប្រសព្វ ក្រោយ​មក​បាន​ឡើង​ទៅ​ជា​អភិបាលរង​ខេត្ត មុន​ឡើង​ជា​អភិបាល​ខេត្ត។

កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុងឱកាសអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុង​ខេត្តក្រចេះ និងព្រៃវែង សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​បាន​​​ថ្លែង​ថា សម្តេច​ទើប​តែ​ដឹង​ថា វ៉ា ថន ត្រូវ​ជា​ក្មួយ​ប្រសារ​របស់​សម្តេច បន្ទាប់​​ពី​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​បាន​ប៉ុន្មាន​ខែ​ក្រោយ​មក ព្រោះ​ម្តាយ​ក្មេក​ វ៉ា ថន ជា​បងប្អូន​ជីដូន​មួយ​របស់​សម្តេច។ សម្តេចបានបន្ត​ថា ការ​ឡើង​តំណែងនេះ មិនមែនបក្ខពួកនិយមទេ ព្រោះលោក វ៉ា ថន ធ្វើអភិបាលខេត្តបានប្រហែល៤ខែ ទើប​ដឹងថាជាក្មួយប្រសារ៕