ដើមខែកុម្ភៈ ទេសចរ និងវិនិយោគិនចិន-អាមេរិកនឹងចូលមកកម្សាន្តនិងបណ្តាក់ទុនរកស៊ីនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីវ័យក្មេងដ៏មានសក្តានុពល ព្រមទាំងរាជរដ្ឋាភិបាលអាណត្តិទី៧នេះសុទ្ធតែធនធានអ្នកបន្តវេនដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ពីបណ្តាប្រទេសអ្នកមានលើពិភពលោក បាននឹងកំពុងចេញដំណើរហើយជាមួយគោលនយោបាយដ៏មុតស្រួចក្នុងការបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានដឹកនាំរៀបចំគោលនយោបាយលើកទឹកចិត្តជាច្រើនសម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាវិនិយោគបរទេស។ មិនដល់មួយឆ្នាំផង រាជរដ្ឋាភិបាលកម្ពុជាបានចេញទៅបណ្តាប្រទេសធំៗ ដែលគេស្គាល់ថាជាបងធំសេដ្ឋកិច្ចពិភពលោកមួយចំនួនដើម្បីគោះទ្វារវិនិយោគ ឬនិយាយម្យ៉ាងទៀតថា ទាក់ម៉ូយនោះ ដូចជាប្រទេសមហាអំណាចចិន, សហរដ្ឋអាមេរិក,ឥណ្ឌូនេស៊ី, ជប៉ុន, បារាំង, ស្វីស ព្រមទាំងប្រទេសវៀតណាមផងដែរ។ ដំណើរទៅកាន់ប្រទេសទាំងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនក្នុងគោលបំណងហៅមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

ក្រោយដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងបារីស និងទីក្រុងដាវ៉ុស រយៈពេល១សប្តាហ៍នាពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រកាសថា នៅដើមខែកុម្ភៈ ពោលគឺបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួច ភ្ញៀវទេសចរ វិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិន នឹងចូលមកដើរកម្សាន្ត និងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក ហេង សុខគង់

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើបណ្តាញសង្គមផ្ទាល់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណឹងល្អ! បន្ទាប់ពីចូលឆ្នាំចិនហើយ នឹងមានទេសចរចិន អ្នកវិនិយោគិនចិន រួមទាំងក្រុមហ៊ុនអាមេរិកនៅស្រុកចិន នឹងចូលមកកម្ពុជាដើម្បីទេសចរ និងបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។

ទោះជាយ៉ាងណាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ គឺមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ ខណៈក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ដែលជាអ្នកសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ក៏នៅមិនទាន់បញ្ជាក់ជាផ្លូវការផងដែរ ស្របពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញបេសកកម្មគោះទ្វារហៅម៉ូយជំរុញការនិយោគមកកាន់កម្ពុជានៅប្រទេសម៉ាឡេស៊ីរយៈពេល៣ថ្ងៃឯណោះ។

កន្លងមក សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕