កម្ពុជា នឹងបង្កើតវិទ្យាស្ថានមួយ សម្រាប់អ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវអំពីអំពើប្រល័យពូជសាសន៍

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ សម្រាប់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងជំនួបរវាងសម្តេច ជាមួយលោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការី នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្ដេចធិបតី បានចាត់ទុកថា ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ និងបង្ការការវិលត្រលប់មកវិញនៃអំពើដ៏សាហាវយង់ឃ្នង់ក្នុងសង្គមកម្ពុជា។

ហេតុនេះ សម្តេចធិបតី អះអាងថា ៖« រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)»។

ជុំវិញការលើកឡើងនេះ លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង (អ.វ.ត.ក.) និង អង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន​ ទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោកស្រី បញ្ជាក់ថា​​​ មេរៀន​ និងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។

គូសបញ្ជាក់ដែរថា តាមរយៈជំនួបនេះដែរ សម្តេចធិបតី ក៏បានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project)៕