សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍រួម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato Seri Anwar Ibrahim។
ថ្លែងនាឱកាសនោះ តាងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។
ទន្ទឹមនឹងនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រីAnwar Ibrahim ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលរបស់ឯកឧត្តម ក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។
ជាមួយគ្នានោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែង ទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនេះ។
ក្នុងនោះផងដែរ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ។
សូមជម្រាបជូនថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ៕


