ក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញការប្តេជ្ញាចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

នេះបើយិងតាមជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Alex Hungate ប្រធាន និងជានាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Alex Hungate និងគណៈប្រតិភូក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តវិនិយោគ និងពង្រីកសេវាកម្មទំនើបៗនៅកម្ពុជា ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាកិច្ចឆ្លើយតប លោក Alex Hungate បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Grab នៅកម្ពុជា។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖ ការពង្រីកវិសាលភាពសេវាកម្ម និងការពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានដល់ដៃគូសហការរបស់ក្រុមហ៊ុន សំដៅបង្កភាពងាយស្រួល និងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅជុំវិញគំនិតផ្តួចផ្តើមបៃតងរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន Grab ក៏បានបង្ហាញពីឆន្ទៈ និងវិធីសាស្ត្រជាក់ស្តែងក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន

